គេហទំព័រសុខភាព-អាហារ និងអភិវឌ្ឍន៍ ត្រូវបានបង្កើតឡើងដោយ PPM-Confirel Group

លោកឧកញ៉ា ឱសថបណ្ឌិតហៃ លីអ៊ាង បង្ហើបពីគន្លឹះសំខាន់ៗនៃភាពជោគជ័យរបស់សហគ្រាសផលិតឱសថប៉េប៉េអឹមទៅកាន់និស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង

កាលបរិច្ឆេទ: ០៩ ធ្នូ ២០២៤ / សុខភាព / Author : ATH Sokren

កាលពីចុងខែវិច្ឆិកាកន្លងទៅនេះ លោកឧកញ៉ា ឱសថបណ្ឌិតហៃ លីអ៊ាង ដែលជាស្ថាបនិក​ និងជាអគ្គនាយកមន្ទីរពិសោធន៍ប៉េប៉េអឹម ត្រូវបានអញ្ជើញឱ្យចូលរួមផ្តល់សន្និសីទស្តីពី «សហគ្រាសប៉េប៉េអឹម និងទំនាក់ទំនងសាធារណៈ» ទៅកាន់និស្សិតថ្នាក់អនុបណ្ឌិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង។

ក្រោយពីសន្និសីទត្រូវបានបញ្ចប់ មានសំណួរជាច្រើនរបស់និស្សិតសួរទៅកាន់លោកឧកញ៉ាឱសថបណ្ឌិត។ លោកឧកញ៉ាក៏បានរម្លឹកថា សហគ្រាសផលិតឱសថប៉េប៉េអឹមបង្កើតឡើងនៅដើមទសវត្សរ៍ឆ្នាំ៩០ ចំពេលដែលប្រទេសជាតិស្ថិតក្នុងស្ថានភាពដ៏លំបាក បន្ទាប់ពីងើបចេញពីសង្រ្គាមស៊ីវិលដែលអូសបន្លាយជិត៣០ឆ្នាំ ជាពិសេសគឺរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ កាលណោះ ប្រទេសកម្ពុជាខ្វះខាតគ្រប់បែបយ៉ាង មិនថាធនធានមនុស្ស សម្ភារៈ ឬក៏ដើមទុននោះទេ ដោយហេតុថាធនាគារមិនផ្តល់ប្រាក់កម្ចីឡើយ។

ខណៈពេលដែលឱសថក្លែងក្លាយហូរចូលពាសពេញផ្ទៃប្រទេស ដែលបង្កគ្រោះថ្នាក់ដល់សុខភាពរបស់ប្រជាពលរដ្ឋជាពិសេសគ្រួសារក្រីក្រ លោកបានរម្លឹកថាដោយសារលោកមានចំណេះដឹងផ្នែកឱសថ និងដោយសារតែការតាំងចិត្តយ៉ាងមុតមាំថាត្រូវតែផ្តល់ឱសថគុណភាពទៅដល់ប្រជាពលរដ្ឋខ្មែរ លោកទទួលបានជោគជ័យក្នុងការសុំជំនួយជាថវិកាពីកម្មវិធី ECIP របស់សហគមន៍អឺរ៉ុបដើម្បីដំណើរការគម្រោងបង្កើតមន្ទីរពិសោធន៍ប៉េប៉េអឹមជាមួយអតីតឱសថការីប៉ុន្មាននាក់ដែលរស់រានមានជីវិតពីរបបប៉ុល ពត។

ជាង៣០ឆ្នាំក្រោយមក សហគ្រាសផលិតឱសថប៉េប៉េអឹម មិនត្រឹមតែក្លាយជាសហគ្រាសឈានមុខគេផ្នែកផលិតឱសថប៉ុណ្ណោះទេ តែថែមទាំងនាំចេញផលិតផលឱសថមួយផ្នែកធំទៅក្រៅប្រទេសទៀតផង ជាពិសេសទៅបណ្តាប្រទេសអាហ្រ្វិកនិយាយភាសាបារាំង។

ឆ្លើយតបទៅកាន់និស្សិតដែលចង់ដឹងពីគន្លឹះនៃជោគជ័យរបស់សហគ្រាស លោកឧកញ៉ាឱសថបណ្ឌិតហៃ លីអ៊ាង បានគូសបញ្ជាក់ថា ជោគជ័យនេះគឺបានមកពីយុទ្ធសាស្រ្តផលិតល្អ ស្គាល់ច្បាស់ពីតម្រូវការទីផ្សារ និងខ្លាំងផ្នែកទំនាក់ទំនងផ្ទាល់ជាមួយភ្នាក់ងារចែកចាយ និងឱសថស្ថាន។ លោកបន្តទៀតថា៖ «អ្វីដែលមានប្រសិទ្ធភាពខ្លាំងក្នុងអំឡុងពេលចាប់ផ្តើមដំបូងរបស់យើង គឺព្រះរាជសាររបស់សម្តេចព្រះនរោត្តម សីហនុ និងរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន កាលពីខែកញ្ញា ឆ្នាំ១៩៩៦។ សម្តេច និងលោកនាយករដ្ឋមន្រ្តីបានប្រកាសជាសាធារណៈនៅលើកញ្ចក់ទូរទស្សន៍គ្រប់ប៉ុស្តិ៍ថា លោកស្គាល់ថ្នាំគីណាល់ច្បាស់ គឺជាថ្នាំបំបាត់ការឈឺចុកចាប់ដ៏មានប្រសិទ្ធភាព និងដែលបានបង្កើតឡើងកាលពីឆ្នាំ១៩៦០ ក្នុងរបបសង្គមរាស្រ្តនិយម​ ហើយដែលបច្ចុប្បន្នសហគ្រាសផលិតឱសថប៉េប៉េអឹមបានផលិតឡើងវិញ និងបានប្រែក្លាយថ្នាំគីណាល់ជាឱសថនាំមុខគេ»។

លោកសង្កត់ធ្ងន់ថា៖ «នៅផ្នែកផលិតឱសថ ត្រូវតែមានតម្លាភាពជាដាច់ខាតលើការគោរពបទដ្ឋានអន្តរជាតិ ដើម្បីធានាឱ្យបាននូវគុណភាព និងសុវត្ថិភាពរបស់ឱសថ»។ លោកក៏បានបន្ថែមទៀតថា សមត្ថភាពក្នុងការបង្កើតអ្វីដែលថ្មីគឺជាគន្លឹះដ៏សំខាន់ដើម្បីអាចរក្សាតំណែងជាសហគ្រាសដែលឈានមុខគេនៅលើទីផ្សារ។

បច្ចុប្បន្ន ផលិតផលរបស់សហគ្រាសផលិតឱសថប៉េប៉េអឹមមានវត្តមាននៅទូទាំងប្រទេសកម្ពុជា និងនៅតាមបណ្តាប្រទេសចំនួន១៦ ពោលគឺបើគិតពីសក្កានុពលទីផ្សារឱសថស្ថានគឺមានប្រមាណ២០ ០០០កន្លែង និងបើគិតពីសក្កានុពលអតិថិជនគឺមានប្រមាណ៣៥០លាននាក់នៅលើពិភពលោក។ លោកឧកញ៉ាឱសថបណ្ឌិតបានបញ្ចប់ថា៖ «យើងមានគម្រោងពង្រីកសក្កានុពលអតិថិជនរហូតដល់៤០០លាននាក់នៅឆ្នាំ២០២៥»៕